បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ត្រូវបានគេជឿថា ប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរំឭកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម)។ នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេសការធ្វើសឹកសង្គ្រាមជាមួយពួកចាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ទទួលបានជ័យជម្នះយ៉ាងធំធេងតាមរយៈចម្បាំងកងទ័ពជើងទឹក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចម្បាំងកងទ័ពជើងទឹក ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឲ្យគយគន់ខ្លាំងណាស់។ ចម្លាក់នៃកងទ័ពជើងទឹកនេះត្រូវបានកុលបុត្រខ្មែរជំនាន់ក្រោយ ចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដីឲ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ហើយនាំគ្នាប្រារព្ធធ្វើពិធីអុំទូករំឭកគុណបំណាច់ដ៏ថ្លៃថ្លានេះជារៀងរាល់ឆ្នាំ។ ពិធីនេះ មានតាំងពីសម័យមហាអង្គររហូតមក ហើយប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យអុំទូក ដើម្បីធ្វើការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុង។
ប្រភព៖ http://apsaraauthority.gov.kh/?page=detail&ctype=article&id=1109&lg=kh