បុណ្យចូលឆ្នាំខ្មែរ មានប្រវត្តិតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទតាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយសន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។ លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះសូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស ក៏បានយកពានមកទទួលព្រះសិរសាបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០ នាទីទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា "ភគវតីសភាសាលា" ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតាទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។